ផ្ទុកនូវបំណងនៃ 'ទិវាអធ្យាស្រ័យអន្តរជាតិ' របស់អង្គការសហប្រជាជាតិ និងតម្លៃនៃសេចក្តីស្រឡាញ់របស់ម្តាយ ដោយសង្កត់ធ្ងន់លើការអនុវត្តភាពសុខុដុម និងការគោរពគ្នាទៅវិញទៅមកនៅក្នុងសហគមន៍
ទីក្រុង Oklahoma City រដ្ឋ Oklahoma នៃសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការឱ្យថ្ងៃទី 1 ខែវិច្ឆិកា (11) ឆ្នាំ 2026 ជា 'ទិវាភាសានៃសេចក្តីស្រឡាញ់របស់ម្តាយ និងសន្តិភាព (Words of Mother's Love and Peace Day)'។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលអភិបាលក្រុង David Holt នៃទីក្រុង Oklahoma City បានចុះហត្ថលេខានៅថ្ងៃទី 30 ខែតុលា (10) មានអត្ថន័យថា ត្រូវផ្អែកលើសេចក្តីស្រឡាញ់របស់ម្តាយ ដើម្បីអនុវត្តការយល់ចិត្ត ភាពសប្បុរស និងការយល់ដឹង ព្រមទាំងផ្សព្វផ្សាយសន្តិភាពដល់សហគមន៍។ សេចក្តីថ្លែងការណ៍នេះក៏បានលើកឡើងពីគោលបំណងដែលការិយាល័យធំរបស់អង្គការសហប្រជាជាតិបានកំណត់ឱ្យថ្ងៃទី 16 ខែវិច្ឆិកា (11) នៃរាល់ឆ្នាំ ចាប់ពីឆ្នាំ 1996 ជា 'ទិវាអធ្យាស្រ័យអន្តរជាតិ'។
បន្ទាប់មក បានបញ្ជាក់ថា សេចក្តីស្រឡាញ់របស់ម្តាយបង្រៀនការយល់ចិត្ត ភាពសប្បុរស និងការយល់ដឹង ព្រមទាំងនាំមកនូវសន្តិភាពដល់ផ្ទះសម្បែង និងសហគមន៍។ ជាពិសេស បានបញ្ជាក់ថា ភាសានៃសេចក្តីស្រឡាញ់របស់ម្តាយ ដែលប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដូចជាការស្វាគមន៍ ការដឹងគុណ ការសុំទោស និងការសរសើរ អាចបើកដួងចិត្តមនុស្ស និងផ្សារភ្ជាប់ភាពខុសគ្នារវាងគ្នានិងគ្នា។ ក៏បានសង្កត់ធ្ងន់ថា ពេលចែករំលែកពាក្យសម្តីគោរពគ្នា ដោយមិនគិតពីពូជសាសន៍ វប្បធម៌ និងប្រវត្តិផ្ទាល់ខ្លួន នោះភាពសុខុដុម និងការអនុគ្រោះគ្នាទៅវិញទៅមកកាន់តែជ្រាលជ្រៅ ហើយសហគមន៍ដែលមានសន្តិភាពកាន់តែរឹងមាំឱ្យលើសជាងទៅទៀត។
ដើម្បីរំលឹកដល់ព្រឹត្តិការណ៍នេះ សមាជិកពួកជំនុំនៃព្រះ និងសមាជិក ASEZ WAO ក្រុមស្ម័គ្រចិត្តនៃយុវជនអ្នកធ្វើការ ពីសមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ សរុបប្រមាណ 60 នាក់ បានធ្វើសកម្មភាពសម្អាតបរិស្ថាននៅឧទ្យាន Will Rogers ក្នុងទីក្រុង Oklahoma City។ អ្នកចូលរួមបានសម្អាតគ្រប់ទីកន្លែងក្នុងឧទ្យាន និងបានរើសសំរាមច្រើនជាង 1,300ផោន (ប្រមាណ 590 គីឡូក្រាម)។ ចំពោះប្រជាពលរដ្ឋដែលមកកាន់ឧទ្យាន ពួកគេបានណែនាំពីយុទ្ធនាការ 'ភាសានៃសេចក្តីស្រឡាញ់របស់ម្តាយដែលនាំមកនូវសន្តិភាព' ព្រមទាំងប្រាប់ពីវិធីអនុវត្តសន្តិភាពក្នុងជីវិតប្រចាំថ្ងៃ តាមរយៈពាក្យសម្តីកក់ក្តៅ និងអំពើល្អ។
សកម្មភាពនៅថ្ងៃនោះ ក៏មានការចូលរួមពី សមាជិកព្រឹទ្ធសភារដ្ឋ Oklahoma លោកស្រី Nikki Nice និងអនុអគ្គលេខាធិការការិយាល័យអភិបាលក្រុង Oklahoma City លោក Bobby Trey Trousdale ផងដែរ។ ពួកគេបានពិនិត្យមើលពីគោលបំណង និងសកម្មភាពនៃយុទ្ធនាការនេះ ព្រមទាំងលើកទឹកចិត្តដល់អ្នកចូលរួមដែលបានចូលរួមសម្អាតបរិស្ថានដើម្បីសហគមន៍។
សកម្មភាពសម្អាតបរិស្ថាន និងយុទ្ធនាការនេះ ក៏ត្រូវបានណែនាំនៅក្នុងកម្មវិធីពេលព្រឹក 'Rise & Shine' របស់ប៉ុស្តិ៍ទូរទស្សន៍មូលដ្ឋាន News 4 ផងដែរ។ តាមរយៈនេះ បានផ្សព្វផ្សាយអត្ថន័យនៃ 'ភាសានៃសេចក្តីស្រឡាញ់របស់ម្តាយដែលនាំមកនូវសន្តិភាព' និងការអនុវត្តសន្តិភាពក្នុងជីវិតប្រចាំថ្ងៃ ដល់ប្រជាជនក្នុងតំបន់ឱ្យកាន់តែច្រើន។
សេចក្តីប្រកាស និងសកម្មភាពរំលឹកនេះរបស់ទីក្រុង Oklahoma City បានផ្សព្វផ្សាយអត្ថន័យនៃយុទ្ធនាការ 'ភាសានៃសេចក្តីស្រឡាញ់របស់ម្តាយដែលនាំមកនូវសន្តិភាព' ដែលគោរព និងអនុគ្រោះគ្នាទៅវិញទៅមក តាមរយៈពាក្យសម្តីកក់ក្តៅ និងអំពើល្អតូចៗ ឱ្យកាន់តែទូលំទូលាយដល់សហគមន៍។
-------------------
សេចក្តីថ្លែងការណ៍
ការិយាល័យធំរបស់អង្គការសហប្រជាជាតិបានស្នើសុំប្រទេសជាសមាជិកនៅឆ្នាំ 1996 ឱ្យកំណត់ថ្ងៃទី 16 ខែវិច្ឆិកា (11) នៃរាល់ឆ្នាំ ជា 'ទិវាអធ្យាស្រ័យអន្តរជាតិ'។
អត្ថន័យនៃការអធ្យាស្រ័យដែលបាននិយាយនៅក្នុង 'សេចក្តីប្រកាសស្តីពីគោលការណ៍នៃការអធ្យាស្រ័យ' អាចរកឃើញបានពីទម្រង់ និងការបង្រៀននៃសេចក្តីស្រឡាញ់របស់ម្តាយផងដែរ។
សេចក្តីស្រឡាញ់បែបនេះបង្រៀនការយល់ចិត្ត ភាពសប្បុរស និងការយល់ដឹង ព្រមទាំងនាំមកនូវសន្តិភាពដល់ផ្ទះសម្បែង និងសហគមន៍។
ភាសានៃសេចក្តីស្រឡាញ់របស់ម្តាយ គឺជាពាក្យសម្តីសាមញ្ញដែលប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដូចជាការស្វាគមន៍ ការដឹងគុណ ការសុំទោស និងការសរសើរ ដែលបើកដួងចិត្តមនុស្ស និងផ្សារភ្ជាប់ភាពខុសគ្នារវាងគ្នានិងគ្នា។
ម្យ៉ាងទៀត ពេលចែករំលែកពាក្យសម្តីគោរពគ្នាដែលលើកកម្ពស់ភាពសុខុដុម និងការអនុគ្រោះគ្នាទៅវិញទៅមក ដោយមិនគិតពីពូជសាសន៍ វប្បធម៌ និងប្រវត្តិផ្ទាល់ខ្លួន សហគមន៍ដែលមានសន្តិភាពនឹងកាន់តែរឹងមាំឱ្យលើសជាងទៅទៀត។
ហេតុនេះ ខ្ញុំ David Holt អភិបាលក្រុង Oklahoma City សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យអនុវត្តភាពសុខុដុម និងការគោរពគ្នាទៅវិញទៅមកនៅគ្រប់ទីកន្លែងក្នុងសហគមន៍ ហើយសូមប្រកាសឱ្យថ្ងៃទី 1 ខែវិច្ឆិកា (11) ឆ្នាំ 2026 ជា
'ទិវាភាសានៃសេចក្តីស្រឡាញ់របស់ម្តាយ និងសន្តិភាព'
នៃទីក្រុង Oklahoma City។
ថ្ងៃទី 30 ខែតុលា (10) ឆ្នាំ 2026
អភិបាលក្រុង Oklahoma City David Holt